នាថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤ នេះ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដឹកនាំបុគ្គលិក បុរី វិមានសំណាង រួមទាំងសប្បុរសជននានា បរិច្ចាគថវិកា ធនធាន និងសម្ភារៈ ក្នុងកិច្ចការសប្បុរសធម៌ជូនដល់ក្មួយៗ លោកគ្រូ និងអ្នកគ្រូ នៅសមាគមជនឥតទីពឹង (មណ្ឌលមែកឈើ) ស្ថិតនៅផ្លូវបេតុង ភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ឧកញ៉ាបណ្ឌិត គីម ហ៊ាង បាននាំយកកម្រៃដែលទទួលបានមកពីការបង្រៀនថ្នាក់បណ្ឌិតមុខវិជ្ជា៖ Brand Marketing & SME Stratefy ដោយជោគជ័យ នៅសាកលវិទ្យាល័យ អាសុី អឺរ៉ុប អស់រយះពេល ៤ខែ និងបានដឹកនាំបុគ្គលិក ក្រុមហ៊ុន បុរី វិមានសំណាង និងក្រុមហ៊ុន Keller Williams Cambodia ចូលរួមដើម្បីយកទៅប្រើប្រាស់លើការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងសាលា ឯកសណ្ឋានសិស្ស សម្ភារៈសិក្សា ផងដែរ។
ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានថ្លែងប្រាប់ដល់ ឧកញ៉ាញូស៍ ក្នុងបទសម្ភាសន៍យ៉ាងដូច្នេះថា៖ “ថ្ងៃនេះជាថ្ងៃពិសេសមួយ ដោយសារតែក្រោយពេលថ្ងៃរៀននិងបង្រៀនបញ្ចប់មុខវិជ្ជា យើងបានមូលមតិគ្នាថាគួរមានកម្មវិធីមួយ។ ខ្ញុំធ្លាប់បានលើកឡើងតាំងពីដើមមកថា ខ្ញុំមកបង្រៀននេះគឺមិនយកកម្រៃនោះទេ ហើយខ្ញុំនឹងប្រគល់លុយនោះជូននិស្សិតបេក្ខជនបណ្ឌិតយកទៅធ្វើអ្វីមួយ។ នៅពេលរៀនចប់ យើងបានឯកភាពគ្នាថា នឹងយកលុយនោះទៅជួយអង្គការកុមារកំព្រា ក្នុងនោះមាន លុយកម្រៃបង្រៀនរបស់ខ្ញុំទាំងអស់ និងការចូលរួមបន្ថែមពីនិស្សិតទាំងជាង ២០នាក់ទៀត។ ថវិកាទាំងនោះ យើងបានទិញជាអង្គរ មី គ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់អង្គការមែកឈើនៅពេលនេះ”។
ឆ្លៀតក្នុងឱកាសនោះដែរ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ក៏បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់ក្មួយៗទាំងអស់ត្រូវខឹតខំប្រឹងប្រែងរៀនសូត្រឱ្យខ្លាំងពូកែ ដើម្បីជាទំពាំងស្នងឬស្សី សម្រាប់បន្តវេនក្នុងការថែរក្សា ការពារជាតិ មាតុភូមិ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងប្រទេសជាតិរបស់យើងទាំងអស់គ្នា ជាពិសេសជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងល្បែងអបាយមុខទាំងឡាយ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។
គួរបញ្ជាក់ផងដែរថា មូលនិធិសប្បុរសធម៌ របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងស្មារតីចូលរួមចំណែកផ្តល់ជំនួយគាំទ្រសម្រាប់សម្រាលដល់ការលំបាកចំពោះ អង្គការ សមាគម មណ្ឌលកុមារកំព្រា និងជនងាយរងគ្រោះនានា៕