លោកជំទាវឧកញ៉ា គង់ សំណាង ក្លាយជាសមាជិកថ្មីរបស់សភាពាណិជ្ជកម្មកម្ពុជា

លោកជំទាវឧកញ៉ា គង់ សំណាង អគ្គនាយិកាបុរី វិមានសំណាង (Borey Vimean Samnang Co., Ltd) ​បាន​ក្លាយ​ជា​សមាជិកថ្មី​របស់​សភា​ពាណិជ្ជកម្ម​កម្ពុជា។ នេះ​បើ​តាម​សេចក្តីប្រកាសព័ត៌មាន​​របស់​សភាពាណិជ្ជកម្ម​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ។

លោកជំទាវឧកញ៉ា គង់ សំណាង ត្រូវជា​ភរិយារបស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង។ លោកជំទាវ ជា​អគ្គនាយិកាបុរី វិមានសំណាង និង​ជា​ម្ចាស់​បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) ផងដែរ។ លោកស្រី គង់ សំណាង ជាអ្នកជំនួញ​លើវិស័យ​អចលនទ្រព្យមួយរូប​ ដែលតែងតែ​ចូលរួម​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​ ជួយ​ដល់​កិច្ចការងារ​សង្គម​ជា​ហូរហែ។ លោកស្រី ត្រូវបាន​ព្រះមហាក្សត្រ​ចេញព្រះរាជក្រឹត្យ​​ត្រាស់បង្គាប់​ផ្តល់​គោរមងារ​ជា «ឧកញ៉ា» នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។ ​

សភាពាណិជ្ជកម្ម​កម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៥ ដោយ​មាន​ទំនាក់​ទំនង​នៅទូទាំង​ប្រទេស ព្រមទាំង​ដៃ​គូ​កម្រិត​តំបន់ ​និង​ពិភព​លោក។ បច្ចុប្បន្ន​ មាន​សភាពាណិជ្ជកម្ម​កម្ពុជា មានសភាពា​ណិជ្ជកម្មរាជ​ធានី​-ខេត្ត ចំនួន​សរុប១៨ ដែលស្ថិតនៅ​ក្រោម​សភាពាណិជ្ជកម្ម​កម្ពុជា។

សូមជម្រាបថា សភាពាណិជ្ជកម្ម​ គឺ​​ជា​ស្ថាប័នគ្រឹះស្ថានសាធារណៈមួយនៅក្រោមអាណាព្យាបាល​ក្រសួង​ពាណិជ្ជកម្ម​ មិនសំដៅ​រកប្រាក់​ចំណេញ ​ដែល​សមាជិក​ភាព​មាន​លក្ខណៈ​ស្ម័គ្រ​ចិត្ត​ និង​ជា​ស្ថាប័ន​តំណាងការពារ​ផល​ប្រយោជន៍ជូន​វិស័យ​ឯកជន​​​លើ​ផ្នែក​ពាណិជ្ជកម្ម​ ឧស្សាហកម្ម សិប្បកម្ម​ សេវាកម្ម​ និង​កសិកម្ម ដោយ​ធ្វើ​សកម្ម​ភាព​បម្រើ​ឱ្យ​សេដ្ឋកិច្ចជាតិ ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​​នៅ​ទូទាំង​ប្រទេស និងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ៕

Tags: