ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដឹកនាំបុគ្គលិក បុរី វិមានសំណាង នាំយកថវិកាដែលជាកម្រៃពីការបង្រៀនថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ អាសុី អឺរ៉ុប អស់រយៈពេល ៤ខែ ធ្វើជាអំណោយសប្បុរសធម៌ជួយមណ្ឌលមែកឈើ

នាថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤ នេះ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដឹកនាំបុគ្គលិក បុរី វិមានសំណាង រួមទាំងសប្បុរសជននានា បរិច្ចាគថវិកា ធនធាន និងសម្ភារៈ ក្នុងកិច្ចការសប្បុរសធម៌ជូនដល់ក្មួយៗ លោកគ្រូ និងអ្នកគ្រូ នៅសមាគមជនឥតទីពឹង (មណ្ឌលមែកឈើ) ស្ថិតនៅផ្លូវបេតុង ភូមិ​លិចវត្ត សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានីភ្នំពេញ។​

ឧកញ៉ាបណ្ឌិត គីម ហ៊ាង បាននាំយកកម្រៃដែលទទួលបានមកពីការបង្រៀនថ្នាក់បណ្ឌិតមុខវិជ្ជា៖ Brand Marketing & SME Stratefy ដោយជោគជ័យ នៅសាកលវិទ្យាល័យ អាសុី អឺរ៉ុប អស់រយះពេល ៤ខែ និងបានដឹកនាំបុគ្គលិក ក្រុមហ៊ុន បុរី វិមានសំណាង និងក្រុមហ៊ុន Keller Williams Cambodia ចូលរួម​ដើម្បី​យក​ទៅប្រើប្រាស់លើការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងសាលា ឯកសណ្ឋានសិស្ស សម្ភារៈសិក្សា ផងដែរ។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានថ្លែងប្រាប់ដល់ ឧកញ៉ាញូស៍ ក្នុងបទសម្ភាសន៍​យ៉ាងដូច្នេះថា៖ “ថ្ងៃនេះជាថ្ងៃ​ពិសេស​មួយ ដោយសារ​តែ​ក្រោយពេល​ថ្ងៃរៀន​និងបង្រៀន​​បញ្ចប់​មុខ​វិជ្ជា​ យើង​បាន​មូលមតិគ្នា​ថា​គួរ​មាន​កម្មវិធី​មួយ។ ​ខ្ញុំ​ធ្លាប់​បាន​លើកឡើង​តាំងពី​ដើម​មក​ថា ខ្ញុំ​មក​បង្រៀន​នេះ​គឺ​មិន​យក​កម្រៃនោះ​ទេ ហើយ​ខ្ញុំ​នឹង​​ប្រគល់​លុយ​នោះ​ជូន​និស្សិត​បេក្ខជនបណ្ឌិត​យក​ទៅ​​ធ្វើ​អ្វី​​​មួយ។ នៅពេល​​រៀនចប់ យើង​បាន​ឯកភាព​គ្នា​ថា​ នឹង​យក​លុយ​នោះ​ទៅ​ជួយ​អង្គការ​កុមារកំព្រា ក្នុងនោះមាន លុយកម្រៃបង្រៀន​របស់ខ្ញុំ​ទាំងអស់​ និង​ការ​ចូលរួម​បន្ថែម​ពី​និស្សិត​ទាំង​ជាង ២០នាក់​ទៀត។ ថវិកាទាំងនោះ​ យើង​បាន​ទិញ​ជា​អង្គរ មី គ្រឿង​ឧបភោគបរិភោគមួយចំនួន​ជូន​ដល់​អង្គការ​មែកឈើ​នៅ​ពេលនេះ”។ ​

ឆ្លៀតក្នុងឱកាសនោះដែរ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ក៏បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់ក្មួយៗ​ទាំងអស់ត្រូវខឹតខំ​ប្រឹងប្រែងរៀនសូត្រឱ្យខ្លាំងពូកែ ដើម្បីជាទំពាំងស្នងឬស្សី សម្រាប់បន្តវេនក្នុងការថែរក្សា ការពារជាតិ មាតុភូមិ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងប្រទេសជាតិរបស់យើងទាំងអស់គ្នា ជាពិសេសជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងល្បែងអបាយមុខទាំងឡាយ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។

គួរបញ្ជាក់ផងដែរថា មូលនិធិសប្បុរសធម៌ របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងស្មារតីចូលរួមចំណែកផ្តល់ជំនួយគាំទ្រសម្រាប់សម្រាលដល់ការលំបាកចំពោះ អង្គការ សមាគម មណ្ឌល​កុមារ​កំព្រា និងជនងាយរងគ្រោះនានា៕

Tags: