ស្របពេលស្ថានភាពទីផ្សារអចលនទ្រព្យ នៅតែលំបាក លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានKW Camboda បានបង្ហើបថា អ្នកនៅក្នុងវិស័យនេះ ត្រូវរក្សាចំណូចសំខាន់ៗចំនួន៣ ដើម្បីរង់ចាំឱកាសល្អមកដល់។
លោកឧកញ៉ា បានមានប្រសាសន៍ឲ្យដឹង បន្ទាប់ពីសិក្ខាសាលាទាក់ទងនឹងឧស្សាហកម្ម អចលនទ្រព្យនៅកម្ពុជាកាលពីថ្ងៃសៅរ៍នេះ ស្ថានភាពទីផ្សារនៅឆ្នាំ២០២៤នេះ នៅតែបន្តជួបការលំបាក ដូចកាលពីឆ្នាំ២០២៣ ប៉ុន្តែវាបានធ្លាក់ដល់បាតបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបន្តថា “បើយើងនិយាយពីរយៈពេល៥ឆ្នាំកន្លងហួស ទីផ្សារអចលនទ្រព្យ ពិសេសដីធ្លីបានធ្លាក់ដល់បាតតែម្តង បញ្ហាធំចំពោះមុខ គឺត្រូវរក្សាសុខភាព រក្សាជីវិត និងរក្សាអាជីវកម្មឲ្យបាន ដើម្បីរង់ចាំឱកាសល្អមកដល់”។
តើទីផ្សារអចលនទ្រព្យ អាចងើបឡើងវិញនៅពេលណា? លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា ស្ថានភាពនេះ អ្នកដែលបានដួល បានបិទទ្វារកាលពីឆ្នាំ២០២២ និងឆ្នាំ២០២៣រួចហើយ ហើយការងើបឡើងវិញរបស់វិស័យនេះ អាចត្រូវការរយៈពេល៦ខែ ឬ១ឆ្នាំទៀត។
លោកបន្តថា ទោះជាយ៉ាងណា អ្នកនៅក្នុងទីផ្សារនៅតែមានចំណាប់អារម្មណ៍ខ្ពស់ក្នុងវិស័យនេះ ជាក់ស្តែងចំនួនអ្នកចូលរួមសិក្ខាសាលា មានចំនួនច្រើនលើសការរំពឹងទុក ហើយពួកគាត់នៅតែសាកសួរ និងស្វែងយល់ពីវិស័យនេះ៕
សិក្ខាកាមចូលរួមក៏បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ និងបានចោទសួរយ៉ាងផុលផុស ព្រមទាំងសម្តែងការពេញចិត្តយ៉ាងខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia ដែលផ្តួចផ្តើមរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ៕