ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង បានប្រកាសបើកក្លឹបពាណិជ្ជករស្វាយរៀង នៅភ្នំពេញ
(Svay Rieng Business Club in Phnom Penh) ផ្តល់ឱកាសដល់រៀនសូត្រ អ្នកកំពុងរស់នៅ និងធ្វើអាជីវកម្ម នៅរាជធានីភ្នំពេញ អាចចូលរួមបាន ដើម្បីភាពរីកចម្រើនទាំងអស់គ្នា ពិសេសចូលរួមចំណែកអភិវឌ្ឍខេត្តស្វាយរៀង ដែលជាស្រុកកំណើត។
នៅលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ លោកឧកញ៉ាបណ្ឌិត បានលើកឡើងថា ចេញពីស្រុកកំណើតនៅខេត្តស្វាយរៀង ដើម្បីមករៀនសូត្រ រស់នៅ និងធ្វើអាជីវកម្ម នៅរាជធានីភ្នំពេញ គឺពិតជាមិនមែនជារឿងងាយស្រួល តែក៏មិនមែនមានន័យថា យើងមិនអាចធ្វើបាននោះទេ។
ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបន្ថែមថា៖ “ក្លឹបពាណិជ្ជករស្វាយរៀង នៅភ្នំពេញ (Svay Rieng Business Club in Phnom Penh) ត្រូវបានបង្កើតឡើងដោយកូនអ្នកស្វាយរៀង ដែលបានមករៀនសូត្រ រស់នៅ និងកំពុងមានអាជីវកម្មនៅរាជធានីភ្នំពេញ ហើយមានឆន្ទះចង់ចូលរួមគ្នា ដើម្បីធ្វើអោយអាជីវកម្មប្រចាំថ្ងៃរបស់ខ្លួននៅភ្នំពេញ បានរីកចម្រើនថែមមួយកម្រិតទៀត ពិសេសបានឱកាសចូលរួមដល់ការរីកចម្រើននៅខេត្តស្វាយរៀង ដែលជាស្រុកកំណើត”។
ចំពោះលក្ខខណ្ឌដើម្បីចូលរួមជាមួយ ក្លឹបពាណិជ្ជករស្វាយរៀង នៅភ្នំពេញ (Svay Rieng Business Club in Phnom Penh) លោកឧកញ៉ាបណ្ឌិត បានឱ្យដឹងថា លោកអ្នកត្រូវតែជាអ្នកកើតនៅក្នុងខេត្តស្វាយរៀង និងកំពុងមានមុខរបរស្របច្បាប់ណាមួយនៅភ្នំពេញ។ សូមទាក់ទងលោក ឆេង ចាន់ទី 076 334 5555 និងលោក ម៉ៃ គុណមករា 017 29 62 63!
សូមជម្រាបថា បច្ចុប្បន្នលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង គឺជាស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត (Khmer Real Estate Co., Ltd), ស្ថាបនិក និងជានាយកប្រតិបត្តិ KW Cambodia ដែលមានប្រភពមកពីអាមេរិក, ស្ថាបនិក និងជានាយកប្រតិបត្តិ បុរី វិមានសំណាង (Borey Vimean Samnang), ស្ថាបនិក និងជានាយកប្រតិបត្តិ បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence)។ លើសពីនេះ ក្នុងវិស័យ កីឡា លោកឧកញ៉ាបណ្ឌិត ក៏ជាស្ថាបនិក និងប្រធានក្រុមបាល់ទាត់ពាក់កណ្តាលអាជីព Khmer United FC ហើយថ្មីៗនេះ លោកឧកញ៉ាបណ្ឌិត ក៏ទើបប្រកាសបើកក្លឹបប្រដាល់ គុនខ្មែរ យូណាយធីត (Kun Khmer United) ផងដែរ៕